រាជធានីភ្នំពេញ ៖ ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យតាមបណ្តាលគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់០៨ឡាន ស្មេីរនឹង ៤៦ម៉ែត្រគូប, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ពុំបានប្រើប្រាស់ទឹក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ (៦ម៉ែត្រ គុណ ១២ម៉ែត្រ) បានឆេះអស់ទាំងស្រុង ក្នុងរួមមាន ឆេះកៅអីដែកអស់ប្រហែល ៩៥០កៅអី នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ដោយក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះ រឺឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕