រាជធានីភ្នំពេញ ៖ ឱទឹកភ្នែកម្តាយ ស្រែកទ្រហ៊ោយំដោយក្តីឈឺចាប់ នារដូវកាលបិណ្ឌភ្ជុំ កូនអើយកូន ឲ្យតែកូនរស់ ម៉ែសុខចិត្តងាប់ ... នេះជាសម្រែកទ្រហ៊ោយំរបស់ស្ត្រីជាម្តាយ ទទួលយកមិនបាន យំរហូតដល់សន្លប់ ពេលមកដល់ទីតាំងកើតហេតុ ដែលកូនប្រុសជាទីស្រលាញ់របស់គាត់ បានដោះស្បែកជើងចោល ទុកជាមួយម៉ូតូនៅលើស្ពាន រួចលោតទម្លាក់ខ្លួនពីលើបង្កាន់ដៃស្ពាន ធ្លាក់ចូលក្នុងទឹកទន្លេដែលកំពុងឡើង និងហូរខ្លាំង លិចបាត់ឈឹងតែម្តង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ លើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា យុវជនដែលសម្លាប់ខ្លួននេះ មានឈ្មោះ កែម ចាន់សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងដែក រស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជនរងគ្រោះមានវិបត្តិគ្រួសារ តែបែរជាថ្ងៃនេះ មកលោតទឹកសម្លាប់ខ្លួនទៅវិញ។
ដោយឡែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1JV-5724 ឡើងមកលើស្ពានជ្រោយចង្វារ ពីលិចមកកើត ដល់លើស្ពាន ក៏ឈប់ម៉ូតូ ទុកទូរសព្ទដៃ និងដោះស្បែកជើង រួចលោតទម្លាក់ខ្លួនពីលើបង្កាន់ដៃស្ពាន ធ្លាក់ចូលក្នុងទឹកទន្លេដែលកំពុងឡើង និងហូរខ្លាំង លិចបាត់ឈឹងតែម្តង ៕ នុច