រាជធានីភ្នំពេញ ៖ រថយន្ដចំនួន៣គ្រឿង បុកតកន្ទុយគ្នាត្រង់ស្ដុបបំបែកជាបួន បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដហាយឡែនឌ័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AS 7344 តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ស្ដុបមុខវត្តចាក់អង្រែ ក៏បានបុកត្រូវរថយន្ដ Ford ស៊េរីទំនើប ដែលពាក់ស្លាក លេខ ភ្នំពេញ 2BP 6242 កំពុងឈប់ស្ដុប ហើយក៏បុករុញបន្ដ ទៅបុកត្រូវរថយន្ដព្រូសបន្ថែមទៀត ដែលកំពុងឈប់ស្តុបនៅខាងមុខគេ រងការខូចខាតយ៉ាងដំណំតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka