ចំថ្ងៃស៊យ! ឆក់ទូរសព្ទពីស្ត្រីម្នាក់បានសម្រេច ខំជិះរត់បែរជាដួលម៉ូតូ ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ឃាត់ខ្លួនបានភ្លាមៗ
សន្តិសុខសង្គម
110

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ បានសម្រេច ព្យាយាមជិះម៉ូតូរត់ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រដេញចាប់ខ្លួនបានមកវិញភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៧ និង៤១នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៨៧BT ក្រុម៣ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ហេង រដ្ឋា ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងបាញ់ថ្នាំសូឡិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន) ជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AO-5593 ធ្វើសកម្មភាព ឆក់ទូរសព្ទម៉ាក iPhone 7Plus ពីស្ត្រីរងគ្រោះឈ្មោះ សយ ច័ន្ទលីដែត អាយុ៣២ឆ្នាំ រស់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ខណៈជនរងគ្រោះត្រឡប់មកពីកម្មវិធីជប់លៀងនៅផ្ទះប្ងូនថ្លៃរបស់គាត់ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បំណងត្រឡប់ទៅផ្ទះវិញនៅខណ្ឌច្បារអំពៅ លុះជិះម៉ូតូដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បង្អន់ម៉ូតូ រួចដកទូរសព្ទតេទៅប្អូនថ្លៃ ក៏មានជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង​ម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AO-5593 មកក្បែរ រួចឆក់ទូរសព្ទពីជនរងគ្រោះបានសម្រេច ជិះរត់គេចខ្លួន ត្រូវបានជនរងគ្រោះជិះតាមពីក្រោយស្រែកចោរៗ ដល់ចំណុចក្រោយវត្តដំបូកខ្ពស់ ជនសង្ស័យក៏ដួលម៉ូតូ របួសដាច់រលាត់ជាច្រើនកន្លែង ផ្អើលសមត្ថកិច្ចកំពុងល្បាតជាក់ស្តែង ទៅដល់ឃាត់ខ្លួនភ្លាមៗ បញ្ជូនយកមកសាកសួរនៅប៉ុស្តិ៍តែម្តងដោយបានសារភាពថា ខ្លួនពិតជាបានឆក់ទូរសព្ទជនរងគ្រោះពិតមែន ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជូនខ្លួនបន្តទៅកាន់ តុលាការចាត់ការតាមច្បាប់ និងប្រគល់ទូរសព្ទឲ្យជនរងគ្រោះវិញផងដែរ ៕ អែល វិចិត្រ


Telegram