មន្ទីរសាធារណការខេត្តសៀមរាប ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ជាបណ្តោះអាសន្ន
សន្តិសុខសង្គម
155

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។

ជាមួយគ្នានេះដែរជំនន់ទឹកភ្លៀងដែលបាន និងកំពុងហក់ឡើង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់- ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើកា ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយ ស្រី), ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមសហការអនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង ៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP


Telegram