រាជធានីភ្នំពេញ ៖ យុវតីម្នាក់បានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួន ដោយសារតែខឹងម្ដាយស្ដីឲ្យបន្តិចបន្តួច ហាមកុំឲ្យជក់វេប។
ហេតុការណ៍នេះកើតឡើងនៅលើស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវតីម្នាក់ មានវ័យ១៤ ទៅ១៥ឆ្នាំ បានសម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារ លិចបាត់ឈឹងតែម្តង សល់តែស្បែកជើង និងទូរសព្ទ ។
តាមការបញ្ជាក់ទាំងទឹកភ្នែកពីស្ត្រីជាម្តាយ បានរៀបរាប់ទាំងក្តីឈឺចាប់ ក្តុកក្តួលថា មុនពេលកើតហេតុ គាត់បានស្តីបន្ទោសឲ្យកូន និងយកអំបោសវាយកូនព្រោះខឹងប្រដៅមិនស្តាប់ ហាមមិនឲ្យជក់វេប ព្រោះខ្លួនជាស្រី តែបែរជាកូនស្រីរបស់គាត់ខឹង មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបែបនេះទៅវិញ ។
ក្រោយកើតហេតុ ក្រុមគ្រួសារ បានជួលបងប្អូនអ្នកនេសាទ ជនជាតិខ្មែរស្លាម ឲ្យជួយបើកទូកនិងរាវរកសពកូនស្រីគាត់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka