រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូបញ្ច្រាសផ្លូវ ដោយសារតែភ័យពេកមានគេដេញតាមពីក្រោយ ទៅបានបុកគ្នាជាមួយនឹងម៉ូតូ scoopy មួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ បានរៀបរាប់ឲ្យដឹងថា គាត់បានឃើញយុវជនម្នាក់ ជាម៉ូតូសង់សេ១១០ មួយគ្រឿង ដែលពាក់ស្លាកលេខ កំពត 1E 6415 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទៅដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនប៉ុន្មាននាក់ ជិះម៉ូតូ ៥គ្រឿង បានដេញតាមក្រោយយុវជនខាងលើ ពេលនោះយុវជនរងគ្រោះភ័យពេក ជិះបញ្រ្ចាស់ផ្លូវទៅបុកជាមួយនឹងម៉ូតូ scoopy មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1HZ 2942 បើកក្នុងទិសដៅពីលិចជិះមកកើត ពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ ហើយម្ខាងទៀតរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ដោយឡែក យុវជនដែលជិះម៉ូតូ៥គ្រឿងដេញតាមនោះ ក្រោយឃើញគេស្លាប់ ក៏ប្រញាប់នាំគ្នាជិះរត់គេចខ្លួនបាត់អស់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka