រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ ខ្ទេចអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ១១និង ៣០នាទី កណ្តាលអាធាត្រ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ២២៩ ផ្លូវ ៣១០ ក្រុម១៧ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ភ្លាមៗគ្រាន់តែទទួលបានព័ត៌មាននេះ លោកវសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ភ្លាមៗ ដោយបានចេញរថយន្តទៅបាញ់ពន្លត់ ចំនួន ២គ្រឿង បាញ់ទឹកអស់ ២ឡាន និងមានរថយន្តជំនួយ ពីសាលាខណ្ឌច្បារអំពៅចំនួន ០១ គ្រឿងប្រើប្រាស់ទឹកអស់ ០១ឡាន និង រថយន្តជំនួយកោះនរាចំនួន ០២ គ្រឿង ប្រើប្រាសទឹកអស់ ០១ ឡាន ទើបរលត់ ទៅវិញនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ប៊ុត ចន្ធី ភេទ ស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ ខណៈមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ដោយបានឆេះទីតាំង ប្រភេទ ថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រ X ១២ម៉ែត្រ អស់ទាំងស្រុង តែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ៕