ខេត្តបន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ហោះនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Zeii Da សុំឱ្យជួយសង្គ្រោះនារីខ្មែរចំនួន ៦នាក់ ដែលត្រូវពួកមេខ្យល់ បោកប្រាស់យកទៅធ្វើការ ជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់ពួកនាងបន្តទៅប្រទេសទី៣។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្រ្គោះ ជនរងគ្រោះ ស្រី៦នាក់ (អនីតិជន៤នាក់) និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២នាក់ (ប្តីប្រពន្ធ) នៅខេត្តបន្ទាយមានជ័យ ។
រីឯជនរងគ្រោះ អគ្គកុងស៊ុលនឹងសម្របសម្រួលបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន ៕