ខេត្តតាកែវ ៖ ជនសង្ស័យចំនួន ២នាក់ ដែលធ្វើសកម្មភាព ឆក់កាបូបតាមផ្លូវសាធារណៈ តែមិនបានសម្រេច បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល ១០ ម៉ែត្រ រងរបួសស្រាល ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៦និង ៣៧នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំណុចលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិចំការដៀប ឃុំអង្គតាសោម មានករណីអំពើលួចដោយមានស្ថានទម្ងន់ទោសមួយ (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូធុនC125 ពណ៌ស មួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ សេក សារុន ភេទស្រី អាយុ៤៣ ឆ្នាំ ទីលំនៅភូមិអង្គរជ័យសង្កាត់ដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត នៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូស្ពាយកាបូបតាមផ្លូវជាតិលេខ៣ ចេញពីផ្សារអង្គតាសោម ដល់ចំណុចកើតហេតុខាងលើ បណ្ដាលឱ្យដួលម៉ូតូអូសប្រហែល ១០ ម៉ែត្រ រងរបួសស្រាល តែមិនមានបាត់បង់សម្ភារៈអ្វី ឡើយ។
ក្រោយកើតហេតុភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួល ដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោករសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយស្ទាក់ឃាត់បានជនសង្ស័យចំនួន២នាក់នៅត្រង់ចំណុច ភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ៖
១-ឈ្មោះនួន ចាន់ដារ៉ាហៅរ៉ាដូភេទប្រុសអាយុ ២០ ឆ្នាំ ទីលំនៅភូមិ កកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ(ជាអ្នកឆក់)
២-ឈ្មោះគា និតហៅជីវ័នភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិបឹងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅម្ដុំវត្តជម្ពូវ័ន (ជាអ្នកបើកម៉ូតូ) ព្រមទាំងដកហូតវត្ថុតាងម៉ូតូ សេ125 ពណ៌ស ស៊េរី ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1KJ 3556 ចំនួន១គ្រឿង។
ពេលសាកសួរជនសង្ស័យបានសារភាពថាពួកគេទាំង២នាក់ បានធ្វើសកម្មភាពឆក់តាមដងផ្លូវជាតិលេខ៣ និងលេខ ២២ ចំនួន ៤ លើក។
បច្ចុប្បន្នកំពុងកសាងឯកសារបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីច្បាប់ ៕