រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា « នៅថ្ងៃនេះ ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ បានចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពាន»។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ពាននេះនឹងបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរំលឹកឡើងវិញថា ស្ពានខាងលើនេះបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០២០ មានប្រវែងសរុប ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរា។
ស្ពានដ៏សំខាន់នេះផងដែរ ត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលមានទុនសរុប ៣៨ លានដុល្លារអាមេរិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕