ឯកឧត្តម ឃួង ស្រេង ចេញបញ្ជា ហាមមិនឲ្យរថយន្តដឹកទំនិញធំៗ ធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ នោះទេ
សន្តិសុខសង្គម
96

រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំ​ជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី កងកម្លាំង​នៃ​អធិការដ្ឋានទាំង ១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបានបញ្ជាក់ថា រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែល​តម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់​ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូល លើអាកាស បាននិងកំពុង​ដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីរកមធ្យោបាយ ដោះស្រាយការកកស្ទះចរាចរ ពិសេស គឺការសម្រួលក្បួនថ្នាក់ដឹកនាំអោយបានរលូន និងកាត់បន្តយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។

ឯកឧត្តម ក៏បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់​ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះ កាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំ ពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេស នៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ​ តែទោះបីជាយ៉ាងណា ការកកស្ទះចរាចរ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តការ​ដោះស្រាយ។ បើទោះបីការដ្ឋានសាងសង់ស្ពានអាកាស​ព្រះមុនីវង្សនេះ បាន​បញ្ចប់ ក៏ទីតាំងនេះ នៅតែប្រឈមនៃការបញ្ហាកកស្ទះដដែលទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១​។

ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាន ប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោង​សាងសង់ស្ពាន​ឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ។ ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត ហើយជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍​នៅចំណុច​ខាងលើនេះ លោកបានណែនាំអោយកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹក​ទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងអោយពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីអោយពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។

ឯកឧត្តមបាន បន្ថែមទៀតថា​ ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើង ដោយភាពម៉ត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំង មិនត្រូវដក​កម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋអោយទៅជាធម្មតាវិញ ទើបដកកម្លាំង​ចេញបាន ៕


Telegram