រាជធានីភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការបង្ហោះព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Oem Sreypenh ដែលមានខ្លឹមសារថា៖ ស្លាប់ចង កខ្លួនឯងយ៉ាងមិចបើគេវៃឡើងជាំដៃជាំជើងបែកផ្លោកនោម ហើយគ្នាមានកម្លាំងណាមកចងកទៀតជួយគិតមើល? ចងកណាចឹង។
ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការស្រាវជ្រាវករណីនេះ
ក្រោយពីកម្លាំងជំនាញធ្វើការស្រាវជ្រាវរួចហើយ លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថានៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង១០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាដៃគូស្នេហានិគ្នា (ស្រលាញ់ភេទដូចគ្នា) ដោយជនរងគ្រោះដើរតួជាប្រពន្ធ និងជនសង្ស័យដើរតួជាប្តី។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង១០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យរឿងប្រច័ណ្ឌជនសង្ស័យមានទំនាក់ទំនងជាមួយឈ្មោះ វិត ភេទប្រុស ដែលជនទី៣ ក៏បង្កឲ្យមានអំពើហិង្សា (ប្រតាយប្រតប់គ្នាហើយដួលទៅលើពួកទាំងពីរនាក់ រួចជនសង្ស័យក៏បានក្រោកឈរជាន់មាត់ និងចាប់ទាញអាវជនរងគ្រោះ) ក្រោយមកជនរងគ្រោះបានទូរស័ព្ទប្រាប់ឈ្មោះ សំ ធា ដែលជាពូរបស់ជនរងគ្រោះ ដើម្បីមកសម្របសម្រួលគ្នា ដោយយកជនរងគ្រោះឡើងមកក្នុងបន្ទប់រួចចាក់សោរ ចំណែកជនសង្ស័យនៅខាងក្រៅបន្ទប់។ បន្ទាប់មកឈ្មោះ វិត បានមកដល់ផ្ទះជនរងគ្រោះ រួចជនសង្ស័យ និងឈ្មោះ វិត ក៏មានឈ្លោះប្រកែកគ្នានៅក្រៅបន្ទប់ជាមួយជនរងគ្រោះម្តងទៀត បន្ទាប់មកឈ្មោះ វិត ក៏ត្រលប់ទៅវិញ ហើយជនសង្ស័យក៏ដេកនៅក្រៅបន្ទប់។
លុះព្រឹកឡើងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី ជនសង្ស័យបានក្រោកពីដេកបានគោះទ្វារបន្ទប់ និងទូរស័ព្ទទៅជនរងគ្រោះ ប៉ុន្តែគ្មានការឆ្លើយតប រហូតដល់វេលាម៉ោង ១១និង៣០នាទី នៅតែទាក់ទងជនរងគ្រោះមិនបាន ជនសង្ស័យក៏បានហៅជាងសោរមកឆ្កឹះសោរ ក៏ឃើញជនរងគ្រោះចងកស្លាប់នៅចំរឹងបង្អួច។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ សន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារចង កសម្លាប់ ខ្លួន។ បន្ទាប់មកម្តាយរបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់តាមនិតិវីធីច្បាប់។
បច្ចុប្បន្នជនសង្ស័យជាប្តី សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕