ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីហេតុការណ៍ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤៤ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាឲ្យជំនាញធ្វើការស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណក្រុមក្មេងទំនើងបង្ហោះម៉ូតូជាក់ស្ដែង ជំនាញព្រហ្មទណ្ឌនិងកម្លាំងអន្តរាគមន៍ ដោយបានកិច្ចសហការពីកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វើការកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៥នាក់ ម៉ូតូធ្វើសកម្មភាព០២គ្រឿង យកមកសាកសួរ ។
ជាលទ្ធផល ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មានចំនួន ០៥នាក់ ប្រុស , ម៉ូតូចំនួន ០២គ្រឿង ដែលជាមធ្យោបាយធ្វើសកម្មភាពបង្កភាពអាណាធិបតេយ្យកាលពីថៃ្ងទី០២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីជើងទៅទិសខាងត្បូង (ភូមិដំបងវេញ ឃុំសង្កែសាទប) ។
ក្រោយការសាកសួរ ក្រុមក្មេងទំនើងបានឆ្លើយ និងទទួលស្គាល់ថា ពួកគេពិតជាបានធ្វើការបង្ហោះម៉ូតូ និងថតរូបវីដេអូ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកចែករំលែកជាសាធារណៈ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ ប្រាកដមែន..។
បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានធ្វើកិច្ចសន្យា និងបានអញ្ជើញមាតាបិតា មកទទួលដឹងឮ បញ្ឍប់សកម្មភាពដូចខាងលើ ក្នុងករណីមិនរាងចាល សមត្ថកិច្ចនិងអនុវត្ដផ្លូវច្បាប់៕