រាជធានីភ្នំពេញ៖ ពិតជារន្ធត់ណាស់លោកអើយ កម្មការិនីរោងចក្រម្នាក់ ជិះម៉ូតូទៅធ្វើការឆ្លងស្តុបជិតផុតទៅហើយ ត្រូវបានរថយន្ត កូរ៉េដឹកខ្យង បើកលឿនបុកម៉ូតូពេញទំហឹង អូសជិត៥០ម៉ែត្រ ផ្ទប់នឹងខឿនចែកទ្រូងផ្លូវ ស្លាប់យ៉ាងរន្ធត់បំផុត ទុក ឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើ មានឈ្មោះថា សើ ថាវី អាយុ៣០ឆ្នាំជាង មុខរបកម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្ន រស់នៅបន្ទាប់ជួល ម្តុំជ្រៃកោង ក្នុងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1U-6038 តែម្នាក់ឯងតាមបណ្តោយផ្លូវបេតុងខាងលើ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ម៉ូតូបានជិះឆ្លងស្តុបខៀវ ជិតផុតស្តុបទៅហើយ ស្រាប់តែមានរថយន្តកូរ៉េដឹកខ្យងមួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D-1305 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីជើងមកត្បូង ក្នុងល្បឿនលឿន មិនបង្អង់ល្បឿនទេ ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង អូសជិត៥០ម៉ែត្រ ផ្ទប់នឹងខឿនចែកទ្រូងផ្លូវ ស្លាប់យ៉ាងរន្ធត់បំផុត ទុក ឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង ។ ចំណែកអ្នកបើកររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតខេត្តព្រៃវែង៕ អែល វិចិត្រ