ពលរដ្ឋខ្មែរម្នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ទាក់ទងនឹងនាំប្រាក់ចេញជាង១លានបាត
សន្តិសុខសង្គម
99

ខេត្តបន្ទាយមានជ័យ ៖ យោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានឆ្លងដែន (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីដកប្រាក់ ដែលបងប្អូនធ្វើការនៅទីក្រុងបាកក ប្រទេសថៃ ផ្ញើមក ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខងផែង ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ប្រជាពលរដ្ឋកម្ពុជាម្នាក់ ឈ្មោះ ធុង សីហា ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ សេរី ២០១៥ ស្លាកលេខ បន្ទាយមានជ័យ 1J- 8109 បានឆ្លងដែន កម្ពុជា ទៅថៃ នៅម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ តាមច្រកតំបន់បឹងត្រកួន មកផ្សាស្រុកតាប្រាយ៉ា (កាន់សំបុត្រឆ្លងដែនរបស់នគរបាល) ដើម្បីដកប្រាក់ ដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក។ លុះត្រឡប់មកវិញសមត្ថកិច្ចអធិការ ស្រុកតាប្រាយ៉ា ឃាត់ខ្លួននៅវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទីខែឆ្នាំដដែល ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅចំណុចខងផែង ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដោយជាប់និងខ្លួនមានលុយចំនួន ១.១៥៩.០០០ បាត(១លាន១សែន៥ម៉ឺន៩ពាន់បាត)បញ្ចូនទៅអធិការដ្ឋានស្រុកតាប្រាយ៉ា ដើម្បីកសាងសំណុំរឿង។

លោកអធិការបានបន្តថា ៖ ទាក់ទិននឹងការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ដោយសមត្ថកិច្ចអះអាងថា ខុសទៅហ្នឹងច្បាប់ប្រទេសថៃ ដែលត្រូវនាំចេញ ដោយមិនបានត្រួតពិនិត្យច្បាស់លាស់ពីសមត្ថកិច្ចថៃ។ បើតាមការឲ្យដឹងពីពលរដ្ឋខ្មែរត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននោះ បាននិយាយថាលុយទាំងអស់១.១៥៩.០០០ បាត(១លាន១សែន៥ម៉ឺន៩ពាន់បាត) គឺមានកាតបញ្ជីចំនួន ០៥នាក់ ឈ្មោះផ្សេងៗគ្នាដែលបងប្អូនធ្វើការនៅប្រទេសថៃ ផ្ញើរមកពីទីក្រុងបាងកក ។

លោកអធិការបានបញ្ជាក់ថា ៖​ ទាក់ទិននឹងការឃាត់ខ្លួនពលរដ្ឋខ្មែរនេះ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកតំបន់បឹងត្រកួន បានស្នើសុំធានាខ្លួនពលរដ្ឋកម្ពុជាខាងលើ និងទឹកប្រាក់ត្រឡប់វិញ តែភាគីថៃមិនយល់ព្រម ហើយបានកសាងសំណុំរឿង បញ្ចូនបន្តទៅតុលាការ ខេត្តស្រះកែវ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីអោយម្ចាស់បញ្ជីមកផ្ទៀងផ្ទាត់ទិន្នន័យ ថាករណីនេះមិនមែនជាករណី កេងប្រវ័ញ្ច ឬរំលោភសេចក្តីទំនុកចិត្តណាមួយ។ ដោយឡែកម៉ូតូ ០១គ្រឿង ភាគីថៃអនុញ្ញាតអោយក្រុមការងារ ប្រគល់អោយគ្រួសារពលរដ្ឋកម្ពុជាខាងលើ ទទួលទៅកម្ពុជាវិញ ៕


Telegram