ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ
សន្តិសុខសង្គម
88

ខេត្តសៀមរាប ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។

តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណ​រដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។

ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរខាងលើមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេ បានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នាយ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។

គួរជម្រាបថា តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេសចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃ មាជាង១ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ ៕


Telegram