រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំឲ្យអ្នកសារព័ត៌មាន ពិសេសអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិ...ង្សា ឃា...ត....ក...ម្ម ជនរងគ្រោះនៅតាមហ្វេសប៊ុក Tiktok និងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម
សន្តិសុខសង្គម
440

យោងតាមផេកផ្លូវការរបស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបង្ហោះនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងថា នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្ម នៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។ សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាព ដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង! ៕


Telegram