ខេត្តកណ្តាល ៖ រហូតមកទល់ពេលនេះ ជិត១០ថ្ងៃទៅហើយ សពរបស់ប្អូនប្រុស វិសាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែត នៅក្បែរសាលាក្តុល ក្នុង ភូមិក្តុល ឃុំកំពង់អូស ស្រុកពញាឭ ខេត្តកណ្តាល នៅវេលាម៉ោង ១និង ៥០នាទី រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ខណៈសាច់ញាតិ ក៏ដូចជាម្តាយកំពុងទៅទីតាំងកើតហេតុ ដើម្បីស្រង់យកសពកូនមកធ្វើបុណ្យតាមប្រពៃណី ។
សូមរំលឹកផងដែរថា មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈយុវជនម្នាក់ ជាអ្នកដឹកជញ្ជូន បានសម្រេចចិត្តធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ទាំងព្រឹកព្រលឹម លិចបាត់ឈឹងតែម្តង បន្សល់ទុកស្បែកជើង១គូ និងម៉ូតូ នៅលើស្ពាន ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានជ្រោយចង្វារផ្ទាល់តែម្តង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពយុវជនខាងលើមានឈ្មោះ សុខ វិសាល ភេទប្រុស ជាបុគ្គលិកដឹកជញ្ជូន បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ទឹកប៊ិច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1987 ជិះមកដល់ក៏ឈប់នៅលើស្ពានជ្រោយចង្វារ ដោះស្បែកជើង ទុកចោល រួចក៏លោតទម្លាក់ខ្លួនចុះក្រោម តែម្តង ។រហូតមកទល់ថ្ងៃនេះ ជិត១០ថ្ងៃទៅហើយ ទើបរកឃើញសព ។ សូមចូលរួមរំលែកទុក្ខផង ។
សូមបងប្អូនកុំយកវិធីនៃបញ្ចប់ជីវិត មកបញ្ចប់បញ្ហាអី ។ រឿងអ្វីក៏ដោយ ឲ្យតែមានជីវិត គង់តែអាចដោះស្រាយបានមិនខាន ទ្រាំស៊ូគ្រប់យ៉ាងឲ្យបាន ស្រឡាញ់ខ្លួនឯងឲ្យច្រើន កុំរើសយកវិធីបញ្ចប់ជីវិតអី វាមិនអាចដោះស្រាយបញ្ហាបាននោះទេ ៕ នុច