ទីបំផុតសមត្ថកិច្ច ស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនរត់គេចខ្លួនជាង៥ឆ្នាំ មានដីកាចាប់ខ្លួន៧ករណី រឹបអូសគ្រឿងញៀនជិត៣គីឡូ និង ១៦,៤០០គ្រាប់ គ្រាប់បែកដៃ ២គ្រាប់ !!!
សន្តិសុខសង្គម
100

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង ៥ឆ្នាំ មានដីកាចាប់ខ្លួន ៧ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត៣គ.ក្រ និង ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់ ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

ក្នុងនោះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនិយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដឹកនាំពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវតាមចាប់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។

លុះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០ នាទី សមត្ថកិច្ចបានរកឃើញនិងចាប់ខ្លួន ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី និងបក្សពួក២នាក់ឈ្មោះ ងែន ដាលីន និងឈ្មោះ នាង សុវណ្ណរ៉ា នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជុំវិញប្រតិបត្តិការនេះ ចាប់ខ្លួនជនល្មើសម្នាក់ និងបក្ខពួក ចំនួន ២នាក់ រួមមាន ៖

១. ជនល្មើសឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។

២.ជនសង្ស័យ ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធមេខ្លោង)

៣.ជនសង្ស័យ ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ(បណ្តាញ)

ក្នុងនោះកម្លាំងជំនាញដកហូតបាន ៖​

- ម្សៅក្រាមពណ៌សថ្លា ប្រភេទកេតាមីន(Ketamine) ចំនួន ១កញ្ចប់ធំ ប្រមាណជិត ១គ.ក្រ

- ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គ.ក្រ

- កញ្ជប់ពណ៍ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី(MDMA) ចំនួន ៣៥កញ្ជប់

- ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦,៤០០គ្រាប់

-ជញ្ចីងថ្លឹងគ្រឿងញៀន ០១ គ្រឿង

-គ្រាប់បែកដៃចំនួន ០២គ្រាប់

-បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ០៥គ្រាប់

- ទូរស័ព្ទដៃចំនួន ០២ គ្រឿង

- រថយន្តចំនួន ០១គ្រឿង( ពាក់ផ្លាក់លេខ ភ្នំពេញ 2BU-6244)

- ម៉ូតូចំនួន ០២គ្រឿង(ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614) ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រៀបចំកសាងសំណុំរឿងបញ្ជូនជនល្មើសនិងជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


Telegram