ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី៣នាក់ បានស្លាប់ ខណៈពេលនាំគ្នាទៅរកក្តាម និងលេងទឹករអិលជើងធ្លាក់ចូលប្រឡាយ ។ បង្កឲ្យភ្ញាក់ផ្អើលងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចវាលស្រែស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមគេហទំព័រ របស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ៖ ក្មេងស្រីរងគ្រោះទាំង៣នាក់ រួមមាន ៖
១.សាកសពឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ។
២.សាកសពឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ត្រូវជាបងប្អូននិងគ្មា ។
៣.សាកសពឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ ទាំង៣នាក់រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុបើតាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាយាយជនរងគ្រោះខាងលើបានបញ្ជាក់ថា ៖ នៅម៉ោងប្រហែល១និង៣០នាទី ពួកគេបានសុំគាត់ទៅលេងទឹក និងរកក្តាមនៅចំណុចកើតហេតុខាងលើតែពុំឃើញមកវិញក៏រហូតដល់ពេលល្ងាចអ្នកភូមិបានប្រាប់ថាលង់ទឹកស្លាប់។
តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ ស៊ុម សៅរ៉ី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះខាងលើដែលបានទៅជាមួយបានបញ្ជាក់ថា ៖ នៅម៉ោង១និង៣០នាទី បានបបួលគ្នាទៅលេងទឹក និងរកក្តាមនៅចំណុចកើតហេតុខាងលើហើយបានរអិលជើងធ្លាក់ចូលទឹកប្រឡាយហើយក៏បានទៅជួយគ្នាបណ្តាលអោយលង់ជាបន្តបន្ទាប់ស្លាប់ទាំង០៣នាក់តែម្តង ។
នគរបាលបានបន្តថា ៖ តាមការពិនិត្យសពជនរងគ្រោះទាំង៣នាក់ដែលមានសមាសភាព អាជ្ញាធរឃុំ ភូមិ នគរបាលនិងគ្រូពេទ្យឃើញជនរងគ្រោះទាំង៣នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន ពុំមែនពាក់ព័ន្ធនឹងអំពើឃាតកម្មណាមួយឡើយ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះ អាល័យជាទីបំផុត ៕