ខេត្តសៀមរាប៖ មនុស្សអីលូវពិតជាសាហាវមែន គ្មានធម៌មេត្តាក្នុងខ្លួនទាល់តែសោះ គ្រាន់តែទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីសោះ ជនសង្ស័យជាប្តីប្រពន្ធ១គូ ជិះម៉ូតូឌុបគ្នាកាន់កាំបិតខ្វែវក្នុងដៃ ទៅកាប់សម្លាប់បុរសម្នាក់ជាអ្នកលក់បាយ ជាច្រើនកាំបិត កំពុងដេក ប្រកាច់ចេញពីក្នុងតូប មកដួលលើចិញ្ចើមផ្លូវ រួចក៏កាប់បន្ថែមទៀត រហូតដល់ស្លាប់ រួចហើយជនដៃដល់ទាំង២នាក់ប្តីប្រពន្ធ ក៏សពជនរងគ្រោះបោះចូលប្រឡាយទឹក បំបាត់ភស្តុតាង ហើយជិះម៉ូតូទៅផ្ទះ ជូតឈាមពីកាំបិតចេញ សម្ងំលាក់ខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញមកដដែល ។
ករណីឃាតកម្មដ៍សាហាវនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ចំណុចថ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ទាំង២នាក់ប្តីប្រពន្ធដែលឃាត់ខ្លួននេះ មានឈ្មោះ ៖
១.ឈ្មោះ ហូល ហៃ ហៅ ម៉ែន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ កឿម កាន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងនោះ បើតាមការសាកសួរ ជនសង្ស័យជាប្តី បានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូឌុបប្រពន្ធ កាន់កាំបិតខ្វែវ ១ដើម ចេញពីផ្ទះនៅភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម មករកគូទំនាស់នៅចំណុចតូបលក់បាយកន្លែងកើតហេតុ ដែលកំពុងដេកនៅទីនោះ។ ពេលទៅដល់ខ្លួនជាប្តី បានចុះពីម៉ូតូកាប់ជនរងគ្រោះដែលកំពុងដេកផ្ងារ ដោយកាប់ចំកខាងមុខ១ខ្វែវប្រកាច់ចេញពីតូបលក់ ដួលផ្កាប់មុខនៅចិញ្ចើមផ្លូវ រួចកាប់បន្ថែមចំស្លាបប្រជៀវខាងក្រោយ ផ្នែកខាងស្តាំ ១ខ្វែវ ត្រង់ចង្កេះខាងស្តាំ១ខ្វែវទៀត រហូតស្លាប់ រួចក៏បានឲ្យប្រពន្ធ ជួយលើកសពជនរងគ្រោះ បោះចូលទៅក្នុងថ្លុកទឹកមាត់ប្រឡាយ ហើយបើកម៉ូតូគេចទៅផ្ទះវិញ ដោយយកក្រណាត់ជូនសម្អាតឈាមចេញពីខ្វែវ ។ លុះព្រឹកឡើង ខ្លួនបានសំលៀង និងលាងសំអាតខ្វែវ ហើយយកទៅសៀតនៅលើធ្នឹមផ្ទះ។ បន្ទាប់មកទើបយកក្រណាត់ ដែល ប្រឡាក់ឈាមដាក់ដុតជាមួយគំនរសំរាមក្បែរផ្ទះ ស្រាប់តែនៅម៉ោង១២ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។ ខណៈមូលហេតុ បណ្តាលមកពី ទំនាស់ក្នុងវង់ផឹកស៊ី។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕