រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺប្រចាំកាយ បានឡើងមកលេងប្រពន្ធនៅភ្នំពេញ តែមិនទាន់បានជួបប្រពន្ធផង ក៏បែកពុះមាត់ស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុងផ្សារដីបេតុង ស្ថិតក្នុងភូមិដី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះអត្តសញ្ញាណបុរសខាងលើប្រពន្ធជនរងគ្រោះសុំមិនអោយបញ្ចេញឈ្មោះ ដោយដឹងត្រឹមថាមានអាយុ ៤២ឆ្នាំ និងមានជម្ងឺប្រចាំកាយ ។
បើតាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានរត់ទៅវិញទៅមក រត់ចូលទៅផ្ទះគេ និងបានរត់ឡើងជិះឡានគេថែមទៀត ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានដេញ បុរសរូបនោះអោយចេញ ទើបបុរសខាងលើបានរត់គេច រហូតទៅដល់ច្រកឌឿងហែម ក្បែរបន្ទប់ជួលផ្ទះបងប្អូនប្រជាពលរដ្ឋ ទើបអង្គុយបែកពពុះមាត់ស្លាប់ភ្លាមៗតែម្តង ។
ចំណែកប្រភពពីស្រ្តីជាប្រពន្ធបានអោយដឹងថា ប្តីរបស់គាត់បានឡើងមកពីខេត្ត មកលេងគាត់២-៣ថ្ងៃហើយ និងជម្ងឺប្រចាំកាយជាប់ខ្លួន ។
គាត់បន្តទៀតថា ជម្ងឺប្តីរបស់គាត់ តែងតែធ្វើទុករយៈពេល០៣ខែម្តង ដោយសារតែថ្ងៃនេះ ជម្ងឺប្តីរបស់គាត់បានធ្វើទុក្ខ ទើបរត់ចុះឡើង និងមកអង្គុយបែកពពុះមាត់ រហូតដល់បាត់បង់ជីវិតបែបនេះ ។
បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចកោសល្យវិច្ឆ័យប្រគល់សពអោយទៅសាច់ញាត្តិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា