រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយុវតីម្នាក់ងើបដើរទៅបន្ទប់ទឹក ខ្យល់គដួលស្លាប់ ឪពុកម្តាយមិនអស់ចិត្តដឹកយកទៅមន្ទីរពេទ្យ គ្រូពេទ្យបានបញ្ជាក់ប្រាប់ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពវិលមកផ្ទះវិញ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ៩ ផ្លូវបេតុង ក្រុម២ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា យុវតីរងគ្រោះមាន ឈ្មោះ ភារម្យ ស្រីវៃ អាយុ១៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ មានឳពុកឈ្មោះ នាង ភារម្យ អាយុ៤៦ឆ្នាំ មុខរបរ លក់ដូរ ម្តាយឈ្មោះ សេង ចាន់ធា អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុខាងលើ ។
បើយោងតាមក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះដេកសម្រាកនៅបន្ទប់ជាន់ឡៅតឿ ហើយមុនកើតហេតុ ខណៈដែលបងប្អូនក្នុងក្រុមគ្រួសារកំពុងដេកលង់លក់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេងទឹកហូរ នឹកគិតថា មានកូនចៅណាបើកទុកចោល ទើបឪពុកឡើងទៅរកមើល គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញកូនស្រីដេកដួលទៅហើយ ផ្អើលឆោឡោ នាំគ្នាដឹកទៅគ្លីនិកឯកជនក្បែរនោះ ដល់ទៅ២កន្លែងតែគេមិនហ៊ានទទួល ក៏នាំគ្នាដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ទើបគ្រូពេទ្យពិនិត្យមើលជាក់ស្តែងប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចដឹកសាកសពវិលមកផ្ទះវិញ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិ ៕ អែល មេសា