អ៊ីស្រាអែល បញ្ជាឱ្យមានការឡោមព័ទ្ធពេញលេញទៅលើតំបន់ហ្គាហ្សា ដោយកាត់ផ្តាច់អគ្គីសនី ទឹក និងអាហារ
សន្តិសុខសង្គម
176

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាលែនត៍ បាននិយាយថា លោកបានបញ្ជាឱ្យធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាស្រ្ទីបទាំងស្រុង។

លោក​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ខាងលើនេះ​បន្ទាប់​ពី​ការ​វាយ​តម្លៃ​មួយ​នៅ​ទីបញ្ជាការ​ផ្នែក​ខាង​ត្បូង​របស់ IDF ក្នុង​ក្រុង Beersheba។

លោក ហ្គាលែនត៍ បាននិយាយថា «ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងទៅលើតំបន់ហ្គាហ្សាស្ទ្រីប។ វានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ ហើយអ្វីៗទាំងអស់ត្រូវបានកាត់ផ្តាច់»។

លោក​បាននិយាយ​បន្ថែម​ថា «​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្វ​មនុស្ស ហើយ​យើង​កំពុង​ចាត់​វិធានការទៅ​តាម​នោះ​»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលដែលដកស្រង់ដោយកាសែត The Times of Israel បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់បានស្លាប់ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃសៅរ៍មក។

យោងតាមរដ្ឋាភិបាលអ៊ីស្រាអែលបានឱ្យដឹងថា មនុស្សជាង ២.០០០នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។

ការិយាល័យសារព័ត៌មានរដ្ឋាភិបាល ដែលជាស្ថាប័នដែលប្រតិបត្តិការនៅក្រោមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ចំនួនចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាមានចំនួនជាង ១០០នាក់។

អ្នកនាំពាក្យកំពូលរបស់កងកម្លាំងការពារអ៊ីស្រាអែល ឧត្តមនាវីទោ ដានីញែល ហាហ្គារី បាននិយាយថា កងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងទីក្រុងទាំងអស់មកវិញហើយនៅព្រំដែនហ្គាហ្សា។

លោក ហាហ្គារី បាននិយាយថា ភេរវករចំនួន ៣នាក់ត្រូវបានសម្លាប់ដោយទាហាននៅក្នុងក្រុមប្រឹក្សាតំបន់ Shaar Hanegev ។ យោងតាមរូបលោកបានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅ Be'eri ៥នាក់ត្រូវបានសម្លាប់នៅ Holit និង Sufa និង ៤នាក់ត្រូវបានសម្លាប់នៅ Alumim ។ លោក ហាហ្គារី បាន​និយាយ​ថា ​បច្ចុប្បន្ន​នេះ​មិន​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង​ណា​មួយទេ៕


Telegram