រាជធានីភ្នំពេញ ៖ យុវជនម្នាក់ យកម៉ូទ័របូមទឹក តខ្សែភ្លើង ដើម្បីបូមទឹកចេញពីផ្ទះដែលកំពុងលិច បែរជាឆ្លងចរន្តភ្លើង ឆក់ស្លាប់ក្នុងទឹកយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅលក់សាច់គោអាំង នៅមុខផ្ទះគេ ស្រាប់តែមានគេរត់មកប្រាប់ថា អ៊ីកូនអ៊ីឯងឆក់ខ្សែភ្លើងស្លាប់ហើយ។
បើតាមសម្ដីប្រជាពលរដ្ឋបានទេដឹង យុវជនខាងលើមានឈ្មោះ ម៉េង អាយុ១៧ឆ្នាំ មុខរបរជាងភ្លើង បានយកម៉ូទ័របូមទឹកចេញពីក្នុងផ្ទះ ដោយសារតែភ្លៀងបានជន់លិចផ្ទះរបស់គាត់ តែបែរជាឆក់ខ្សែភ្លើងស្លាប់នៅក្នុងផ្ទះដែលលិចទឹកនោះតែម្តង មួយសន្ទុះក្រោយមកទើបមានអ្នកឃើញ ប្រញាប់នាំគ្នាបិទចរន្តអគ្គសនី រួចចូលទៅលើកជនរងគ្រោះចេញ ជួយសង្គ្រោះបឋម តែអកុសលផុតដង្ហើមទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន និងជំនាញកោសល្យវិច័យ បានចុះមកពិនិត្យសព និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកប្រា ៕ Mrr Ka