រាជធានីភ្នំពេញ ៖ មកមើលកកាមេរ៉ាសុវត្ថិភាព ដែលជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបងប្អូនប្រជាពលរដ្ឋ ដែលទុកមុខបន្ទាប់ជួល បានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ចទ្បើយ ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៣ ម៉ោង៤ និង ០៣ ទៀបភ្លឺ ត្រង់ចំណុចផ្ទះជួល ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាក់ អាលី ភេទប្រុស អាយុ២០ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៧៩ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ម៉ូតូដែលបានបាត់ម៉ាក ហុងដា ឌ្រឹម ស៊េរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-8248 ។
តាមបណ្តឹងរបស់ជនរងគ្រោះបានអោយដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៥ ល្ងាច ជនរងគ្រោះបានចេញពីរៀននៅសាលាភូមិន្ទភ្នំពេញ មកដល់ផ្ទះជួល នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង ០៥ និង ៤០នាទីល្ងាច ហើយបានទុកម៉ូតូនៅមុខបន្ទប់ជួល នឹងបានចាក់សោររួចរាល់ ហើយចូលទៅក្នុងបន្ទប់ដេក ។ រហូតមកដល់ម៉ោង០៦ព្រឹកព្រលឹម បានក្រោកពីដេក រៀបចំចេញទៅសាលារៀន ខណៈពេលនោះជនរងគ្រោះបានបើកទ្វារចេញមក មិនបានដោយសារតែមានគេយក ទម្ពក់ហាលខោអាវ យកខ្ទាស់គន្លឹះសោរ ។ ភ្លាមៗ ជនរងគ្រោះបានព្យាយាមរុញចេញ ទើបរបូតទម្ពក់នោះចេញ ហើយក៏មិនបានឃើញម៉ូតូរបស់ខ្លួន ទើបដឹងថាបាត់ រួចភ្លាមៗ ជនរងគ្រោះបានទៅឆែកកាំមេរ៉ា ទើបដឹងថាមានជនសង្ស័យ០២នាក់ បានចូលលួចយកទៅបាត់តាំងពីម៉ោង ០៤ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០៣ ។
ប្រជាពលរដ្ឋស្នើសុំអោយសមត្ថកិច្ចជួយល្បាតតាមភូមិសាស្រ្តក្នុង មូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយសារតែ កៀកថ្ងៃភ្ជុំធំមកដល់ហើយ ៕ អែល មេសា