សាកសពជនសកម្មប្រយុទ្ធក្រុម Hamas ប្រហែល១,៥០០នាក់ ត្រូវបានរកឃើញនៅក្បែរព្រំប្រទល់តំបន់ Gaza , នេះជាការបញ្ជាក់អះអាងរបស់ យោធាអ៊ីស្រា​អែល
សន្តិសុខសង្គម
118

តាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យោធាអ៊ីស្រាអែល អះអាងថា សាកសពជនសកម្មប្រយុទ្ធរបស់ក្រុម Hamas ប្រហែលជា១,៥០០នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ក្បែរតំបន់ហ្កាហ្សា ស្ទ្រីព ខណៈខ្លួនបន្តការវាយប្រហារ​តាមផ្លូវអាកាស ទៅលើដែនដីប៉ាឡេស្ទីន ។

សាកសពជនសកម្មប្រយុទ្ធរបស់ក្រុម Hamas ប្រហែលជា១,៥០០នាក់ នេះត្រូវបានរកឃើញក្នុងទឹកដីអ៊ីស្រាអែល ក្បែរព្រំប្រទល់តំបន់ Gaza Strip ហើយកងកម្លាំងសន្តិសុខ ហាក់បានស្តារការគ្រប់គ្រងឡើងវិញហើយ នៅតំបន់ព្រំប្រទល់ជាប់ Gaza ហើយខាងកងទ័ព ក៏ជិតសម្រេចជាស្ថាពរ នូវការជម្លៀសប្រជាជនចេញពីសហគមន៍នានា ដែលនៅតាមបណ្តោយព្រំដែនតំបន់ Gaza ផងដែរ។ នេះបើតាម អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Richard Hecht បានប្រាប់អ្នកសារព័ត៌មាន ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានទទួលរងការឆ្មក់វាយប្រហារ ពីសំណាក់ក្រុម Hamas ដែលបានបញ្ជូនអ្នកប្រយុទ្ធ​ជាច្រើននាក់ សម្រុកចូលប្រទេសអ៊ីស្រាអែល ជាមួយការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់តាមផ្លូវអាកាស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន និងបានបណ្តាលឱ្យមនុស្សសរុបកើនដល់ជាង៩០០នាក់នៅអ៊ីស្រាអែល បានស្លាប់ ។

ជាគ្នានោះ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយ​ប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំក្នុងទ្រង់ទ្រាយធំឥតឈប់វិញ ទៅលើតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas ដែលគិតមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង៧០០នាក់ ។


Telegram