រាជធានីភ្នំពេញ ៖ មានភ្ញាក់ផ្អើលទាំងព្រឹក ខណៈកម្លាំងជំនាញរបស់អង្គភាព៩១១ ដឹកនាំកម្លាំងមានទាំងចុះមកចំណុចបឹងមួយកន្លែង តាមការស្នើរសុំរបស់សាច់ញាតិ និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិ បាននិងកំពុងស្វែងរកសពរបស់ស្ត្រីម្នាក់ឈ្មោះ ឡាយ ហៀង អាយុ៣២ឆ្នាំ ដែលបានចុះបេះត្រកួន និងកំផ្លោក យកទៅលក់ បែរជារអិលជើងធ្លាក់ចូលទឹកដែលកំពុងហូរខ្លាំង លិចបាត់ឈឹងតែម្តង ២ថ្ងៃជាងមកហើយ មិនទាន់រកឃើញសព ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង តាំងពីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ នៅបឹងមួយកន្លែង ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែរហូតមកទល់ថ្ងៃទី១១ ខែតុលានេះ ទើបមានការភ្ញាក់ផ្អើល និងស្នើរសុំទៅកាន់កម្លាំងជំនាញរបស់អង្គភាព៩១១ ឲ្យជួយអន្តរាគមន៍ស្វែងរក ។
ក្រោយពីមានការសូមណូមពរពីសាច់ញាតិភ្លាម គេឃើញកងកម្លាំងជំនាញរបស់អង្គភាព៩១១ ដឹកនាំដោយលោកវរសេនីយ៍ឯក មេបញ្ជាការជួយសង្គ្រោះ គ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងថា ជាការសន្និដ្ឋានជំហ៊ានដំបូង សពអាចត្រូវទឹកហូរកួច រួចចូលទៅក្នុងស្មៅត្រឹបក្រាស់ ដូច្នេះជាមធ្យោបាយ ទាល់តែរកអ្វីមកកាត់ ឬយកគ្រឿងចក្រមកកាយ បើធ្វើតាមកម្លាំងដៃ មិនអាចទៅរួចនោះទេ ហើយប្រសិនជាដាក់កម្លាំងជំនាញចុះមុជទឹករាវ ក៏ជួបគ្រោះថ្នាក់ដល់កងកម្លាំងទៀត ដូច្នេះចាំបាច់ត្រូវការគ្រឿងចក្រ សូមអាជ្ញាធរ សង្កាត់ ខណ្ឌ ជួយសហការជាមួយលោក ដើម្បីធ្វើការងារនេះ ។
ក្រោយមក គេឃើញអាជ្ញាធរសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានបញ្ជូនកងកម្លាំង និងគ្រឿងចក្រ មកសហការជាមួយ កម្លាំងជំនាញរបស់អង្គភាព៩១១ ដើម្បីអន្តរាគមន៍ស្វែងរកសពស្ត្រីខាងលើ ហើយគិតមកទល់វេលាម៉ោង ១និង ៣០នាទីរសៀលនេះ មិនទាន់រកឃើញសពនៅឡើយនោះទេ ៕ អែល វិចិត្រ