វេជ្ជបណ្ឌិតចិន នាំយករថយន្តបំពាក់នូវសម្ភារៈវះកាត់និងព្យាបាលជំងឺបេះដូងចំហ មកដល់ប្រទេសកម្ពុជា និងបានជួយកុមារកម្ពុជា ចំនួន៩៤នាក់ រួចចាកពីជំងឺបេះដូងចំហ
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានរៀបចំ កម្មវិធីពិនិត្យនិងព្យាបាល ជំងឺបេះដូងចំហ ជូនដល់កុមារកម្ពុជា បានដំណើរការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ។

លោកវេជ្ជបណ្ឌិត PAN XIANGBIN ប្រធានក្រុមវេជ្ជបណ្ឌិតចិន បានដឹកនាំវេជ្ជបណ្ឌិតជំនាញបេះដូងចំនួន១៤រូបមកពិនិត្យនិងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថានេះ ជាលើកទី១ ដែលមន្ទីរពេទ្យបេះដូង FUWAI បាននាំយករថយន្ត ដែលបំពាក់នូវសម្ភារៈវះកាត់និងព្យាបាលជំងឺបេះដូងចំហ មកដល់ប្រទេសកម្ពុជា រយៈពេល៥ថ្ងៃ ហើយក្រោមកិច្ចគាំទ្រ ពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ក្រុមវេជ្ជបណ្ឌិតបានចុះទៅពិនិត្យសុខភាពនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលជាលទ្ធផលបានតាមដានសុខភាពជូនកុមារចំនួន៣០០០នាក់ ដោយរកឃើញនិងបាននាំមកវះកាត់និងព្យាបាលជូនដល់កុមារដែលមានជំងឺបេះដូងចំហចំនួន ៥រូប រួមជាមួយកុមារ ២រូបនៅរាជធានីភ្នំពេញ។

គិតចាប់ពីកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាអង្គពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដោយរាប់ពីឆ្នាំ២០១៨មក ក្រុមវេជ្ជបណ្ឌិតចិន បានវះកាត់ និងព្យាបាលជំងឺបេះដូងជូនកុមារកម្ពុជា បានចំនួន៩៤រូប។

ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធាន ក្រុមប្រឹក្សាភិបាលវេទិកា សម្ព័ន្ធសង្គមស៊ីវិល លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមវេជ្ជបណ្ឌិតចិន ហើយក៏សូមថ្លែងនូវអំណរគុណចំពោះ អង្គពាក់ព័ន្ធនានា ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង ចូលរួមសម្របសម្រួល និងចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយរួមចំណែកបង្កើនសុខុមាលភាពជូនដល់កុមារកម្ពុជាឱ្យរួចចាកពីជំងឺបេះដូងចំហនេះ។

គួរបញ្ជាក់ថា មានកុមាររាប់ពាន់នាក់ដែលបានមកតាមដាននិងពិនិត្យសុខភាពជំងឺបេះដូងចំហនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រោយពេលដែលរថយន្តពេទ្យដែលបំពាក់សម្ភារៈទំនើបរបស់មន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានបានចូលមកដល់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ហើយបានចាកចេញទៅប្រទេសចិននាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ៕


Telegram