កុំជិះលឿនៗពេកបងប្អូនអើយ គង់តែដល់ស្រុកទេ! ម៉ូតូជិះលឿនមិនប្រកាន់ស្តាំ រថយន្តមកបញ្ច្រាសទិសគ្នាគេចមិនផុត បុកស្លា..ប់និងរបួសធ្ង...ន់២នាក់
សន្តិសុខសង្គម
476

ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ ចំណែកស្ត្រីដែលជិះពីក្រោយរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង ៤០នាទីរសៀល ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ស្ថិតនៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-4414 បើកពីទិសខាងជើងដោយឈ្មោះ លឹម សេងហុង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បានស្លាប់នៅកន្លែងកើតហេតុ ចំណែក អ្នករួមដំណើរឈ្មោះ គង់ វណ្លី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាត្រូវជាប្រពន្ធរងរបួសធ្ងន់ (ពាក់មួកសុវត្ថិភាព) មុខរបរកម្មករកម្មការិនី រោងចក្រ បានបុកជាមួយរថយន្តម៉ាក ហ៊ីហាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G -0864 បើកមកពីទិសខាងត្បូងទៅ ជើងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ព្រោះរត់គេចខ្លួនបាត់) ។

ចំណែកមូលហេតុសមត្ថកិច្ចបញ្ចាក់ថា បណ្តាលមកពី អ្នកបើកម៉ូតូពីជើងទៅត្បូងមានល្បឿនលឿន រ៉េចង្កូតមកចំណែកផ្លូវខាងកើត(មិនប្រកាន់ស្តាំ) ស្របពេលនោះក៏មានរថយន្តបើកមកពីទិសខាងត្បូងទៅជើង គេចមិនផុតក៏បានបុកតែម្ដងទៅ។

ពេលនេះ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាទី ។ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram