រាជធានីភ្នំពេញ ៖ មានការចូលរួមរំលែកទុក្ខជាច្រើន លើបណ្តាញសង្គម ក្រោយលោកឧកញ៉ា ឈាង រ័ត្ន ដែលត្រូវបានគេស្គាល់ថា ជាស្វាមីអ្នកនាងស្រីអូន ដែលតែងតែធ្វើសប្បុរសធម៌ជាច្រើន ជាបន្តបន្ទាប់ បានធ្វើទទួលមរណភាព ដោយការធ្វើអត្តឃាត មិនគួរឲ្យនឹកស្មានដល់ ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលTVFB ទទួលបាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR១២ គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន។
តាមការបំភ្លឺរបស់ឈ្មោះម៉ៅ ស៊ីវន ត្រូវជាប្អូនថ្លៃជនរងគ្រោះ មុនពេលកើតហេតុនៅវេលាម៉ោង៨និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ខ្លួននិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង។ ចំណែកបងថ្លៃឈ្មោះ ឈាង រ័ត្ន បានប្រាប់ថាគាត់មិនបានទៅទេ ព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលគាត់បានធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយ ក៏ភ្លេចសោរផ្ទះ ហើយបកមកយកសោរវិញ ពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្ត រួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤និង៥០នាទី ថ្ងៃ ខែ ឆ្នាំដដែល គាត់បានត្រឡប់មកផ្ទះវិញ ក៏ឃើញរថយន្តបងថ្លៃគាត់ចតនៅខាងមុខផ្ទះ ពេលនោះគាត់ក៏បានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ក៏ប្រទះឃើញបងថ្លៃរបស់គាត់ចងកនិង ខ្សែអង្រឹងជាប់នឹងជណ្ដើរទ្វារក្រោយផ្ទះ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់ ។
តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន ពេលនេះសពកំពុងត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ សូមចូលរួមរំលែកទុក្ខផង ៕