ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តហ៊ីយ៉ាប់ដាយមួយគ្រឿង បើកបុកម៉ូតូរបស់ប្រជាពលរដ្ឋ ដែលជិះទៅស្រុកកំណើត ចំនួន២គ្រឿង ខ្ទាតទៅត្រូវរថយន្តមួយគ្រឿងទៀត ស្លាប់ម្នាក់យ៉ាងរន្ធត់ ចំណែក៣នាក់ទៀតរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៥០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតនៅក្នុងភូមិផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-6726 បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ ២ គ្រឿងទៀត រួមមាន មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8033 បើកបរដោយឈ្មោះ នុន ទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ រងរបួសស្រាល (ពាក់មួកសុវត្ថិភាព) មុខរបរជាងសំណង់ និងអ្នករួមដំណើរឈ្មោះ វៀច ស៊ីថា ភេទស្រី អាយុ ២១ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកម្មការិនីរោងចក្រ (ពាក់មួកសុវត្ថិភាព) បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1P-1425 បើកបរដោយឈ្មោះអៀង វិទ្ធា ភេទប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។ សូមបញ្ជាក់ថា ពេលរថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូទាំង២គ្រឿងដែលនៅពីមុខនេះ គឺបានខ្ទាតទៅប៉ះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ តាកែវ 2B-1575 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ(ព្រោះរត់គេចខ្លួនបាត់) ខណៈទាំងម៉ូតូនិងរថយន្ត សរុបទាំង៤គ្រឿងនេះ គឺបើកបរស្របទិសគ្នា ពីជើងទៅត្បូង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង អ្នករងរបួសបានបញ្ជូនទៅមណ្ឌលសុខភាពអង្គពពេល រីឯវត្ថុតាង រថយន្ត២គឿង និងម៉ូតូ២គឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីស្រាវជ្រាវនិងបំពេញបែបបទបន្តតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ