ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែតុលា រាជធានីភ្នំពេញ និងបណ្តាខេត្ត អាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ
សន្តិសុខសង្គម
126

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលឆ្ពោះមកទិសខាងលិចចូលដល់លើខ្ពង់រាបភាគឦសាននៅថ្ងៃទី១៧ ខែតុលា។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា នឹងធ្វើឱ្យ បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៧០%។

ចំណែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៥០%៕


Telegram