រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យដែលជិះល្បាត បានឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងដឹកគ្នាធ្វើការសកម្មភាពទាក់ឆ្កែតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវមាត់ប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន មិនស្គាល់ឈ្មោះនោះទេ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ក៏មិនស្គាល់អត្តសញ្ញាណដែរ ។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4831។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យបានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាតមើលក្នុងភូមិសាស្ត្រខាងលើ ដើម្បីទប់ស្កាត់បទល្មើសផ្សេងដែលអាចកើតឡើងដោយប្រការណាមួយ។
តាមប្រភពដដែលបានបន្តថា លុះកម្លាំងល្បាតជិះមកដល់ចំណុចស្ពានទី២ ទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមបណ្ដោយផ្លូវបេតុងមាត់ប្រឡាយ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងមាត់ប្រឡាយ ក្នុងទិសដៅពីកើតទៅលិច ដោយមានសត្វឆ្កែមួយក្បាលដែលជនសង្ស័យបានទាក់អូសតាមពីក្រោយម៉ូតូថែមទៀតផង។
តាមប្រភពដដែលបានបន្តទៀតថា ខណៈនោះ កម្លាំងសមត្ថកិច្ចក៏បានជិះដេញតាមពីក្រោយម៉ូតូរបស់ជនសង្ស័យ បន្ទាប់ពីឃើញសមត្ថកិច្ចជិះដេញតាម ជនសង្ស័យក៏បានបោះសត្វឆ្កែដែលធ្វើសកម្មភាពទាក់បាននោះចោល។ រួចក៏បន្ថែមល្បឿនជិះរត់គេចខ្លួនពីសមត្ថកិច្ច រហូតទៅដល់ចំណុចកើតហេតុខាងលើ ក្រុមជនសង្ស័យក៏បានផ្តួលម៉ូតូចោលនាំគ្នារត់គេចខ្លួនជាបន្តទៀត។
ប៉ុន្តែកម្លាំងសមត្ថកិច្ចក៏ជិះទៅទាន់រួចចាប់ឃាត់ជនសង្ស័យបានម្នាក់ដែលជាអ្នកទាក់ឆ្កែ ចំណែកឯបក្ខពួកម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បាននាំជនសង្ស័យ រួមទាំងម៉ូតូ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕