បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស.ស្រី៩នាក់មកពីខេត្តសៀមរាបបម្រុងលួចឆ្លងដែនទៅការងារធ្វើនៅប្រទេសថៃដែលឃាត់នៅវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនក្នុងភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេក។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់បង្ការទប់ស្កាត់កូវីដ១៩ ការពាររីករាលដាលក្នុងសហគមន៍ ហើយកម្លាំងនគរវរៈការពារព្រំដែនគោក បានសហការជាមួយកម្លាំងនគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលកខ្មែរប្រុស.ស្រីចំនួន៩នាក់និងម៉ូតូ២គ្រឿងដែលជាអ្នកដឹកជញ្ជូនត្រូវបានរត់គេចខ្លួនបន្សល់ទុកតែម៉ូតូ។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនពលករចំណាក់ស្រុកចំនួន៩នាក់ស្រី៧នាក់ត្រូវបានធ្វើការសាកសួរពួកគាត់មកពីខេត្តសៀមរាបបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ ត្រូវបានកម្លាំងសមត្តកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កស្រុកស្វាយចេក ចំណែកម៉ូតូអ្នកដឹកជញ្ជូន២គ្រឿងដែលម្ចាស់រត់ចោលត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក៕ដោយ៖វន្ត្រា