រាជធានីភ្នំពេញ៖ យោងតាមរដ្ធបាលខណ្ឌកំបូលដែលបានបង្ហោះអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ប.ខ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដោយមានការចូលរួមពីកំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី និងសន្តិសុខសាលាខណ្ឌកំបូល ដឹកនាំដោយ លោក ទ្រី ណារ៉េត នាយករងរដ្ឋបាលសាលាខណ្ឌ បានចុះប្រតិបត្តិការឃាត់ខ្លួនជាក់ស្តែងជនល្មើស ០៥ នាក់ ពីបទ "មិនគោរពវិធានការរដ្ឋបាល" ដោយប្រព្រឹត្តសកម្មភាពជួបជុំផឹកស៊ី ដែលប្រព្រឹត្តនៅភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនល្មើសទាំង៥ នាក់មានដូចខាងក្រោម៖
១ . ឈ្មោះ កង វុទ្ធី អាយុ ៦០ឆ្នាំ
២ . ឈ្មោះ នុត សាវី អាយុ ៤២ឆ្នាំ
៣ . ឈ្មោះ កាយ គ្រិះស្នា អាយុ ២៩ឆ្នាំ
៤ . ឈ្មោះ ឆិល សាន់ អាយុ ៤៣ឆ្នាំ
៥ . ឈ្មោះ មុី រឿន អាយុ ៤១ឆ្នាំ
ជនល្មើសទាំង ៥នាក់ខាងលើ ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីអនុវត្តន៍នីតិវិធីពិន័យអន្តរការណ៍ ក្នុងម្នាក់ៗ ២(ពីរ) លានរៀល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សូមបញ្ជាក់ថាការឃាត់ខ្លួនមនុស្សទាំង ៥នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។