មន្ត្រីយោធា ដែលបាញ់៥គ្រាប់ សម្លាប់កូនចៅរបស់ខ្លួន ត្រូវបានតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ពីបទឃាតកម្ម
សន្តិសុខសង្គម
408

ខេត្តរតនគិរី ៖ ជនជាប់ចោទ ដែលជាថៅកែចម្ការកៅស៊ូ និងជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់កម្មកររបស់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័មពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ត្រូវបាន លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី និងជាប្រធានសាលាដំបូងខេត្ត សម្រេចឃុំខ្លួន ជាបណ្តោះអាសន្នហើយ បន្ទាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារ នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ពីបទ ឃាតកម្ម ។

សូមបញ្ជាក់ថា មន្ត្រីយោធាម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ក្រោយបានដកកាំភ្លើង បាញ់ប្រហារទៅលើបុរសម្នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះរបស់ខ្លួន ចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្នុងចម្ការកៅស៊ូមួយកន្លែង ភូមិគងយុគ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ខ្មាន់កាំភ្លើងខាងលើមានឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធាគលយុទ្ធ ត្រូវបានអ្នកជិតខាង លឺសូរបាញ់៤ ទៅ៥គ្រាប់ផ្ទួនៗគ្នា លុះរត់ទៅមើលឃើញជនរងគ្រោះឈ្មោះ រិន ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធនិងកូនម្នាក់បច្ចុប្បន្ន រស់នៅឯខេត្តស្ទឹងត្រែង ទើបមកធ្វើការឲ្យជនរងគ្រោះនៅក្នុងខែកុម្ភៈ បានរយៈពេល៣ខែប៉ុណ្ណោះ បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាមទៅហើយ ដោយមានដែកត្បែង១ដើម ក្បែរជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវចុះមកដល់ចំណុចទីតាំងកើតហេតុ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវដើម្បីសង្គ្រោះបន្ទាន់ តែធ្ងន់ធ្ងរពេកទៅមិនដល់មន្ទីរពេទ្យផងក៏ដាច់ខ្យល់ស្លាប់។

លោកវរសេនីយ៍ សូយ សំណាង អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានប្រាប់ព័ត៌មានក្នុងស្រុកថា ខ្មាន់កាំភ្លើង ឈ្មោះ លី ថេងជាង បានប្រើប្រាស់អាវុធខ្លីម៉ាក (CF98) បាញ់ប្រហារទៅលើជនរងគ្រោះរហូតដល់ចំនួន៥គ្រាប់ ហើយក៏រត់ទៅចូលសារភាព ប្រគល់ខ្លួនជូនសមត្ថកិច្ចស្រុកអូរយ៉ាដាវតែម្តង ។ ក្នុងនោះសមត្ថកិច្ចស្រុកអូរយ៉ាដាវ ក៏បានចុះទៅ ប្រមូលយកវត្ថុតាង រួមមាន៖ កាំភ្លើងខ្លី ម៉ាក(CF 98) បង់១ , សំបកកាទុស ៥ ដែលផ្ទុះហើយ, គ្រាប់មិនទាន់ផ្ទុះ ចំនួន ៤ គ្រាប់ , រថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9098 ចំនួន១គ្រឿង។ ដែកទីប១ដើម ប្រវែងជាង១ម៉ែត្រ ទំហំប្រមាណ ៤២ មីលីម៉ែត្រ។

ក្នុងនោះ របាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកបរកែវ បញ្ជាក់ថា សពជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ៥គ្រាប់ រួមមាន ត្រូវចំភ្លៅក្បែរជង្គង់ខាងស្តាំ ០១គ្រាប់ , ត្រូវចំទ្រូងខាងឆ្វេងចំនួន២គ្រាប់, កំភួនជើងឆ្វេង០១គ្រាប់ និង ចំដើមដៃខាងឆ្វេងចំនួន១គ្រាប់។

លោកវរសេនីយ៍ឯក សំ វណ្ណៈ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅម៉ោង២រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ជនសង្ស័យបានសារភាព និងយោងតាមសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថា ការបាញ់ប្រហារនេះ គឺ ដោយសារជនរងគ្រោះ បានវាយបំបែក កញ្ចក់រថយន្តរបស់ជនបង្ក ហើយអះអាងថាជនរងគ្រោះជាអ្នកញៀនថ្នាំផងដែរ ៕


Telegram