រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់រថយន្តស៊េរីទំនើបម៉ាក RollsRoyce មួយគ្រឿង ដែលបើកបរដោយបុរសជនជាតិខ្មែរម្នាក់ ជាមន្ត្រីយោធា បានបើករថយន្តដឹកជនជាតិចិនប្រុសស្រីចំនួន៣នាក់ ក្នុងរថយន្ត (ស្រីម្នាក់ ប្រុស២នាក់) ឆ្លងកាត់គោលដៅបិទខ្ទប់ នៅរង្វង់មូលគួចកាណុង ដោយគ្មានលិខិតអនុញ្ញាត កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅ គល់ស្ពានជ្រោយចង្វារត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្តីអ្នកបើកបររថយន្ត ជាបុរសជនជាតិខ្មែរ និងជាមន្ត្រីយោធារូបនោះ បាននិយាយថា គាត់ធ្វើការឲ្យថៅកែចិនម្នាក់ ដោយថៅកែចិនរូបនោះ បានឲ្យគាត់បើករថយន្តម៉ាក RollsRoyce ពណ៌ខ្មៅលាយស ពាក់ស្លាកលេខពិសេស កម្ពុជា BRS .7377 ដឹកជនជាតិចិនប្រុសស្រី៣នាក់ (ស្រីម្នាក់ ប្រុស២នាក់) ចេញពីក្លឹបស្កាយបា ក្នុងសង្កាត់ទន្លេបាសាក់ ឆ្ពោះទៅអូតែលសុខា លុះឆ្លងកាត់គោលដៅបិទខ្ទប់នេះ គ្មានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺដោយសារគ្មានឯកសារបញ្ជាក់ ឬក៏លិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ និងត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវីធីច្បាប់បន្តទៀត។
ទោះបីជាយ៉ាងណា រហូតមកទល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ នៅមិនទាន់ដឹងថា សមត្ថកិច្ចនឹងមានវិធានការបែបណានៅឡើយនោះទេ ៕