មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតទប់ស្កាត់បទល្មើស និងដកហូតម៉ូតូ២គ្រឿង
សន្តិសុខសង្គម
131

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការពូគង់ និងស្នាក់ការភ្នំសេវា នៃដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតដល់ចំណុចអូរកាច់ចង្កេះ ជាទីតាំងដែលធ្លាប់ទទួលរងការកាប់រានដីព្រៃ និងជាប់បណ្តឹងក្នុងបទល្មើសធនធានធម្មជាតិ លើអញ្ញាត្តជន ស្ថិតក្នុង ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នា៦នាក់ កំពុងធ្វើសកម្មភាពលួចដាំដំឡូងលើដីដូចដែលបានរៀបរាប់ខាងលើ។ គ្រានោះជនសង្ស័យបានរត់គេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូចំនួន២គ្រឿង ម៉ាកវេវ គ្មានស្លាកលេខ ពណ៌ខៀវលាយខ្មៅ និងមួយគ្រឿងទៀតម៉ាកស៊ីរ៉ូស ពណ៌ខ្មៅលាយក្រហម។

បច្ចុប្បន្នក្រុមការងារបាននាមំយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅស្នាក់ការបរិស្ថានក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីស្រាវជ្រាវនិងចាត់ការបន្តតាមនីតិវិធីច្បាប់។ ក្នុងប្រតិបត្តិការចុះល្បាតនេះ ក្រុមការងារបានប្រទះឃើញដានជើងសត្វខ្ទីង ដែលត្រូវបានកត់ត្រាបញ្ចូលទៅក្នុងទិន្នន័យ SMART ផងដែរ និងអំពាវនាវឲ្យមានការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃកែវសីមា៕ ប្រភពមន្ទីរបរិស្ថានមណ្ឌលគិរី


Telegram