ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១២និង១៥ នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យបានចុះប្រតិបត្តិការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( គាស់សោរទ្វារថយន្តលួចយកទ្រព្យសម្បត្តិ )០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីស្រាវជ្រាវ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០២និង៣២ នាទី រំលងអាធ្រាត្រ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព គាស់សោរទ្វារថយន្ត ដែលម្ចាស់ចតទុកនៅខាងក្រៅផ្ទះលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ ពេជ្រ សុវណ្ណឆាយឌី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅនាទីកន្លែងកើតហេតុខាងលើ ។
-*សម្ភារៈបាត់បង់រួមមាន៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក
- បណ្ណបេីកបរ ០១ សន្លឹក
- បណ្ណសម្គាល់យានយន្ត ០២ សន្លឹក
- កាត ATM ០៣ សន្លឹក
- រូបចម្លាក់ ព្រះអង្គ ចំនួន ០៣
- កូនកាបូប ចំនួន ០២ ។
នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល និងឆ្លងតាមរៈការស្រាវជ្រាវទេីបកំណត់បានពីមុខសញ្ញានេះរហូតឈានដល់ការនាំខ្លួនមកសាកសួរ។
ក្រោយពីបានសារភាពទទួលស្គាល់នូវសកម្មភាពល្មេីសរបស់ខ្លួនរួចមកបច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ប្រភពស្នងការនគរបាលខេត្តដំបង