ខេត្តកំពង់ចាម៖ លំនៅឋានប្រជា ពល រដ្ឋចំនួន២ខ្នងស្មើនឹង២ម្ចាស់ ត្រូវបានអគ្គីភ័យលេបត្របាក់ កាលពីនៅវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២១ ម្សិលមិញនេះនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ប្រភពព័ត៍មានពីមន្ត្រីពន្លត់អគ្គីភ័យបានប្រាប់ឲ្យដឹងថា: បន្ទាប់ពីទទួលបាននូវហេតុ ការណ៍ខាងលើនេះលោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាល ក្រុងកំពង់ចាម បានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយ ការិយាល័យពន្លត់អគ្គីភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ពន្លត់ភ្លាមៗ។
មន្ត្រីពន្លត់អគ្គីភ័យប្រាប់បន្តឲ្យដឹងទៀតថា ពេលដែលមានអគ្គីភ័យឆាបឆេះឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នាប្រើម៉ូទ័របូមទឹកបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនោះតែដោយសារអំណាចភ្លើងខ្លាំងពុំអាចបាញ់រលត់នោះទេ។បន្ទាប់មកគាត់ត្រូវបានលោកស្នងការនគរបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍។ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចរួមនិងអាជ្ញាធរមូលដ្ឋានបានធ្វើឲ្យភ្លើងដែលឆេះនោះរលត់ទៅវិញ១០០% នៅវេលាម៉ោង២និង៣០នាទីរសៀល ។ដោយប្រើប្រាស់រថយន្ត អគ្គីភ័យចំនួន៤គ្រឿង ក្នុងនោះរួមមាន: រថយន្តខេត្ត៣គ្រឿង ,រថយន្តស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ។នៅក្នុងហេតុការណ៍បណ្ដាលអោយឆេះផ្ទះអស់ចំនួន២ផ្ទះខ្នងដែលមានម្ចាស់ឈ្មោះ
១. ពេជ្រ ឃុន ភេទប្រុសអាយុ៤៦ឆ្នាំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម(ផ្ទះ២ខ្នង ទំហំ ៨×២០ ឆេះទាំងស្រុង),សម្ភារ:ឆេះគ្រែ១ពូកចំនួន៤។
២. តាន់ វ៉ាន់ថុន ភេទ ស្រីអាយុ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកក់ ក្រុងកំពង់ចាម (ផ្ទះ៤ខ្នង ទំហ៊ុ ៩×២០ ឆេះទាំងស្រុង) សម្ភារ:មិនទាន់ដឹង។
តាមការអះអាងរបស់ឈ្មោះ ពេជ្រ ឃុនគឺបណ្ដាលមកពីទុស្សេខ្សែ ភ្លើង។ នៅក្នុងហេតុការណ៍នេះពុំមានអ្នកណាម្នាក់រងរបួសដោយសារគ្រោះអគ្គីភ័យនេះនោះទេ។ សមត្ថកិច្ចក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងចាកចេញពីលំនៅដ្ឋានត្រូវបិទបារ៉ែតភ្លើងនិងភ្លើងធូបឲ្យបានត្រឹមត្រូវ មុននឹងចាកចេញពីលំនៅដ្ឋាន៕