ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងបានជួបជុំគ្នាលេងអាប៉ោង ត្រូវបានប៉ូលិសឡោមព័ទ្ធ ចាប់បានមនុស្សប្រុសស្រីជាច្រើននាក់កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនក្រុមអ្នកញៀនបានចំនួន ៨នាក់ ផងដែរ និងបានដកហូតរថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន ៥គ្រឿង មេអាប៉ោង ទូរស័ព្ទដៃ និងលុយមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ប្រាប់បណ្តាញព័ត៍មានថា ក្រុមអ្នកញៀនល្បែងដែលឃាត់ខ្លួនបានមាន ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ យ៉ង តាំង ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ឈ្មោះ ណេន នី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ឈ្មោះ ម៉ី វីន ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត, ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំង ក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបញ្ជាក់ទៀតថាក្រុមអ្នកញៀនល្បែងស៊ីសងអាប៉ោងខាងលើ តែងមានការប្រមូលផ្តុំមនុស្សរាល់ថ្ងៃ ដោយមិនបានចូលរួមគោរពវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩ទេ។ មួយវិញទៀតក្រុមអ្នកលេងនេះ ជាក្រុមដែលលេងជាអាជីពហើយតែងតែផ្លាស់ទីកន្លែងលេងជាប្រចាំនៅពេលដែលមានការរំខានពីសមត្ថកិច្ច។ មិនតែប៉ុណ្ណោះការបើកលេងរបស់ក្រុមខាងលើនេះដែរក៏មានអ្នកនៅពីក្រោយធ្វើជាខ្នងបង្អែករត់ការលេង២៤ម៉ោងលើ២៤ម៉ោង។ ក្រោយការបង្ក្រាបបានភ្លាមៗប្រភពបានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនខាងលើកំពុងត្រូវបានគេប្រើវប្បធម៌អន្តរាគមន៍ដើម្បីដោះលែង និងគេចផុតពីទោស រារាំងដល់ការអនុវត្តវិធានការពារការឆ្លងរីករាលដាលជំងឺកូវី-១៩ និងជំងឺឆ្លងសាហាវដែល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងផាកពិន័យជាប្រាក់ ប៉ុន្តែត្រូវបានបដិសេធពីមន្ត្រីអនុវត្តច្បាប់៕