ដាក់ជណ្តើរឡើងបិទបារ៉ែតភ្លើង ឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
រាជធានីភ្នំពេញ៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រោយបានយកជណ្តើរមកដាក់ជាន់ឡើង ដើម្បីបិទបារ៉ែតភ្លើង អកុសលបែរជាឆក់ធ្លាក់ចុះមកខាងក្រោម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រពន្ធជនរងគ្រោះឈ្មោះ ស៊ុម សុខា អាយុ៣៩ឆ្នាំ បាននិយាយថា ប្តីគាត់ឈ្មោះ ស៊ាង ប៉ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានយកជណ្តើរមកដាក់ជាន់ឡើងបិទបារ៉ែតភ្លើង ដើម្បីតកង្ហារ តែបែរជាឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោយ ដួលនឹងដី ទើបស្រែកឆោឡោផ្អើលអ្នកភូមិជួយបញ្ជូនទៅមន្ទីរពេទ្យ តែមកដល់ពេទ្យថា ប្តីបានស្លាប់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើកោសល្យវិច័យ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មេសា