ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តុលាការសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុគ្គលចំនួន០៣នាក់ពីបទៈ រារាំងដល់ការអនុវត្តវិធានការ ដែលមានដូចខាងក្រោម៖
១-ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២-ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣-ឈ្មោះ កែវ ធាន ហៅ ខេម ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនទាំង០៣នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុពីបទៈ រារាំងដល់ការអនុវត្តវិធានការ ប្រព្រឹត្តនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣, មាត្រា ៤ និងមាត្រា ១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕