ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានឪពុកអះអាងថា ប្រើប្រាស់ថ្នាំញៀន១០ឆ្នាំមកហើយ បានឡើងលើបង្គោលភ្លើង ឆក់ចរន្តអគ្គិសនីធ្លាក់ចុះមកក្រោម ស្លាប់ក្រោយបញ្ជូនដល់ពេទ្យ កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ នៅបង្គោលភ្លើងថ្ម កម្មសិទ្ធិអគ្គីសនីកម្ពុជាលេខ P២៣៩៣ ចិញ្ចើមផ្លូវលំ មុខឃ្លាំងគ្មានលេខ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នេះបើតាមរបាយការណ៍សមត្ថកិច្ចខណ្ឌច្បារអំពៅ ។
សាកសពជនរងគ្រោះឈ្មោះ លី.លើយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
របាយការណ៍សមត្ថកិច្ចបន្តថា តាមការបំភ្លឺពីឈ្មោះលី បេ ភេទ ប្រុស អាយុ ៧០ ឆ្នាំ មុខរបរ ទិញអេតចាយ ដែលត្រូវជាឪពុកបង្កើតសព បានអោយដឹងថា កន្លងមកជនរងគ្រោះធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល១០ឆ្នាំហើយ លុះដល់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ គាត់ងើបពីដេកបើកឃ្លាំងស្រាប់តែអ្នកជិតខាងប្រាប់ថា កូនគាត់ឡើងបង្គោលភ្លើងមានត្រង់ហ្វូរ ធ្លាក់ចុះមកក្រោម គាត់ជាឪពុកក៏លើកកូនដាក់លើដាក់រឺម៉កម៉ូតូដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ ហើយបើតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និង តាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញ បញ្ជាក់ថា ស្លាប់ដោយសារឆក់ចរន្តអគ្គីសនី និងសាកសពប្រគល់ឲ្យឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា