ភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗដោយឆែកមើលគ្រប់កាមេរ៉ាតាមដងផ្លូវ បន្ទាប់ពីមានបុរសម្នាក់បានមកសុំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអោយជួយរកម៉ូតូរបស់ខ្លួនដែលត្រូវបានចោរមកស្ទាក់ប្លន់យកទៅបាត់ ប៉ុន្តែអស់រយៈមួយសន្ទុះធំមកសមត្ថកិច្ចសួរនាំចុះឡើង ទំនងជាភ័យបុរសខាងលើក៏បានសារភាពថាខ្លួនបានយកម៉ូតូទៅលក់យកលុយមកចាយទៅវិញសោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសភូតភរខាងលើមានឈ្មោះ សុខ វាសនា អាយុ៣០ឆ្នាំ មានមុខរបរជាកម្មកររោងចកក្រ ស្នាក់នៅភូមិបន្លាស្អិត ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុននិងបុរសភូតភរកុហកខាងលើបានសារភាព គាត់បានបង្កើតព្រឹត្តិការណ៍មួយថា មិត្តភ័ក្តបានប៉ឹងពាក់ឲ្យជួយយកលុយទៅដាក់នៅធានាគារមួយនៅតាមបណ្តោយផ្លូវភ្នំពេញហាន់ណយ រួចក៏ចេញមកវិញដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ រហូតមកដល់តាមបណ្តោយផ្លូវឧញ៉ាម៉ុងឬទ្ឋី ក៏ត្រូវប្រទះនិងចោរមួយក្រុមស្ទាក់ប្លន់យកម៉ូតូបានសម្រេចតែម្តង ។ បន្ទាប់មកបុរសខាងលើក៏បានទាក់ទងទៅមិត្តភ័ក្តនិងប្រាប់ថាត្រូវចោរប្លន់ម៉ូតូបាត់ហើយ និងសុំឲ្យជួយដឹកយកទៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយ ។ លុះមួយសន្ទុះក្រោយមក សមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗនិងបានឆែកមើលកាមេរ៉ាតាមដងផ្លូវតែពុំឃើញមានអ្វីគួរអោយកត់សំគាល់ថា មានក្រុមចោរធ្វើសកម្មភាពណាមួយឡើយ ទើបត្រឡប់មកសួរនាំបុរសខាងលើវិញ រហូតបុរសនោះទំនងជាភ័យនិងការសួរនាំប៉ូលីស ក៏សារភាពប្រាប់ប៉ូលីសថាខ្លួនមិនបានត្រូវចោរប្លន់ឯណាមកភ្ជង់ប្លន់ឡើយ ព្រោះតែខ្លាចប្រពន្ឋដឹងសុំលែង ទើបបង្កើតហេតុការណ៍នេះតែម្តងទៅ ដោយប្រាប់ថាបានយកម៉ូតូទៅលក់នៅម្តុំផ្សារដីហ៊ុយ ក្នុងតម្លៃ១៨០០ដុល្លា ដើម្បីយកលុយទៅបង្វិលសងគេវិញ។
ក្រោយពីបានសួរនាំបុរសខាងលើរួចមក សមត្ថកិច្ចក៏ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាហៅអាណាព្យាបាលមកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕ ដោយៈ អ៊ុ ស្រស់