បង្ហោះព័ត៌មានមិនពិតថាមានអ្នកកើតកូវីដ១៩រត់គេចខ្លួន សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ឲ្យមកធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាអប់រំ
សន្តិសុខសង្គម
165

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវ នាំខ្លួនបុរសម្នាក់ មកធ្វើការសូមទោសជាសាធារណៈ និងធ្វើកិច្ចសន្យាអប់រំ ក្រោយបុរសរូបនេះបានបង្ហោះលើបណ្តាញសង្គមFacebook ថាមានអ្នកកើតកូវីដ១៩ បានរត់គេចខ្លួន ។

ការនាំខ្លួនបុរសរូបនេះ គឺមានបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចាត់អោយលោកឧត្តមសេនីយ៍ត្រី នូ ជី វ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្តនិងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវបន្ទាន់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង៥និង៣០នាទីល្ងាច ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ឡិនជី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងទូរស័ព្ទ០១គ្រឿង នៅចំណុចភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ពាក់ព័ន្ធនឹងករណីបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង៣និង២៦នាទីរសៀល អាខោនឈ្មោះ ជី ៚ បានបង្ហោះថា «សូមជូនជាដំណឹង សូមប្រយ័ត្នបុរសម្នាក់នេះ បានរត់ចេញពីស្វាយហើយ ត្រូវបានគេមើលឃើញនៅចំណុចឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ »។

តាមការសាកសួរ សាមីខ្លួនបានព័ត៌មាន ពីអ្នករត់ម៉ូតូឌុបតៗគ្នាថាមានអ្នកកើតកូវីដ បានរត់មកដល់ភ្នំតូច លឺដូច្ចេះខ្លួនក៏បានបង្ហោះព័ត៌មាននេះ ភ្នាប់ជាមួយរូបថតអ្នកកើតកូវីដតែម្តង ក្រោយមកបានប្រហែលជា២០នាទី ខ្លួនក៏បានលុបចេញ ហើយសុំទោសទទួលនូវព័ត៌មានមិនច្បាស់ ។

សូមបញ្ជាក់ថា អ្នកកើតកូវីដ កំពុងគ្រូពេទ្យបានទៅព្យាបាលមិនដូចព័ត៌មានចុះក្នុងហ្វេសប៊ុកទេ ។

ដោយបានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ សាមីខ្លួនបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន តាមអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ហើយអាណាព្យាបាលបានធានាយកទៅលំនៅដ្ឋានវិញ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


Telegram