រាជធានីភ្នំពេញ៖ កម្លាំងតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឈរជើងនៅគោលដៅបិទខ្ទប់ផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយមានការសង្ស័យឃើញជិះម៉ូតូកាត់គោលដៅដោយគ្មានសោរ សង្ស័យសួរនាំចុះឡើង ក៏បែកការណ៍ដឹងថា ពួកគេទើបតែធ្វើសកម្មភាពគាស់ឃ្លាំង លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ បានសម្រេចចំនួន២គ្រឿង ចេញពីភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយព្យាយាមរត់គេចខ្លួន តែរត់មិនរួច ត្រូវបានចាប់ឃាត់ខ្លួននៅវេលាទៀបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១មានឈ្មោះ ប៊ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ឈន ប៊ុនលាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក។
ជនសង្ស័យបានលួចម៉ូតូរបស់ជនរងគ្រោះ ចំនួន២នាក់ ទី១ឈ្មោះ ជ័យ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ បើកបរ និងទី២ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកម៉ូតូទី១ម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DD-6524 និង១គ្រឿងទៀតម៉ាក ហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-3893 ។
ជនរងគ្រោះបាននិយាយថា កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ពួកគាត់បានធ្វើការរួចរាល់ហើយអូសម៉ូតូចំនួន០៩គ្រឿង មកទុកក្នុងឃ្លាំង មានទាំងម៉ូតូបុគ្គលិកផងដែរ រួចក៏សម្រាន្តលង់លក់ ស្រាប់តែមានសមត្ថកិច្ចខណ្ឌដង្កោ តេមកប្រាប់ថា ម៉ូតូគាត់មានចោរលួចជិះរត់តែកងកម្លាំងចាប់បាន ក្រោយសមត្ថកិច្ចចាក់សោរក្រោមកែបឆែករកឃើញកន្ទុយលេខទូរសព្ទ ដែលជនរងគ្រោះផ្ញើលុយតាមវីង ក៏សង្ស័យហៅជនរងគ្រោះមកមើល ទើបដឹងថាជាម៉ូតូរបស់ពួកគាត់ពិតមែន ។
ក្នុងនោះសមត្ថកិច្ចក៏បានដកហូត ម៉ូតូទាំង២គ្រឿង , លុយ ៦២០,០០០រៀល និង៤០ដុល្លារ រួមទាំងទូរស័ព្ទ១គ្រឿងផងដែរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ តែដោយសារករណីនេះកើតឡើងក្នុងសង្កាត់បឹងទំពុនទី១ សមត្ថកិច្ចក៏ប្រគល់ជនសង្ស័យឲ្យទៅប៉ុស្តិ៍បឹងទំពុនទី១ ធ្វើការសាកសួរបន្ត បូករួមទាំងជនរងគ្រោះដាក់ពាក្យបណ្តឹង ចាត់ការតាមច្បាប់តែម្តង ៕