ខ្យល់កន្ត្រាក់ បាក់ដំបូលអតីតផ្សារមង្គល សង្កត់លើរថយន្ត១០គ្រឿងនិងម៉ូតូ៨គ្រឿង ខណៈលោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា មានផ្ទះពលរដ្ឋប្រមាណ ៦៧ខ្នង បានរងការខូចខាតធ្ងន់និងស្រាល
សន្តិសុខសង្គម
564

ខេត្តបន្ទាយមានជ័យ ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៣ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបោកបក់បំផ្លាញដំបូលអតីតផ្សារមង្គល ដែលផ្សារនេះផ្អាកលក់រយៈពេល៤-៥ឆ្នាំមកហើយ ដោយសារទីតាំងនេះត្រូវបានដាក់ជាកន្លែងទទួលពលករពីប្រទេសថៃ ក្រោយមកត្រូវបានផ្អាកវិញ ហើយត្រូវបានអ្នកភូមិនៅទីនោះយករថយន្តនិងម៉ូតូទៅផ្ញើ បណ្តាលឲ្យបាក់រលំដំបូល ទំហំ ៥០គុណ៧០ម៉ែត្រ សង្កត់មកលើរថយន្តប្រជាពលរដ្ឋដែលយកមកផ្ញើរនៅទីតាំងនេះ ចំនួន១០គ្រឿង ក្នុងនោះមានរថយន្តក្រុង៣គ្រឿង រថយន្តចម្រុះចំនួន៧គ្រឿង និងម៉ូតូ៨គ្រឿង រងការខូចខាត ។

ពាក់ព័ន្ធទៅនឹងគ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្ត្រាក់នេះដែរ លោក គៀក ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មានផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងគ្រោះធ្ងន់ស្រាល ដោយការប៉ើងដំបូល និងរលំ មានរហូតដល់ ៦៧ខ្នង ឯណោះ។ ក្នុងនោះមាន សង្កាត់ប៉ោយប៉ែតចំនួន ១៧ខ្នង , សង្កាត់និមិត្ត ចំនួន២៧ខ្នង និង សង្កាត់ផ្សារកណ្តាល ចំនួន២៣ខ្នង ។

លោក អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ទៀតថា ពេលនេះដោយយោងតាមបទបញ្ជារថ្នាក់លើ និងឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ លោកអភិបាលក្រុងប៉ោយប៉ែត កំពុងដើររកទិញសង្ក័សី និងរបស់របរប្រើប្រាស់ចាំបាច់ បូករួមមានទាំងកម្លាំងចម្រុះ ដើម្បីចុះធ្វើការជួសជុលផ្ទះជូនពលរដ្ឋវិញផងដែរ៕


Telegram